អ្នកកើតជំងឺទឹកនោមផ្អែមនៅកម្ពុជា ចេះតែកើនឡើងជាលំដាប់ពីមួយថ្ងៃៗ ហើយជំងឺនេះដែរ ត្រូវអ្នកជំនាញបង្ហើបឱ្យដឹងថា កំពុងតែមានសភាពធ្ងន់ធ្ងរ ក្នុងប្រទេសកំពុងអភិវឌ្ឍមួយនេះ។
លោកវេជ្ជបណ្ឌិត Nam Han Cho
តើជំងឺទឹកនោមផ្អែមមានរោគសញ្ញាអ្វីខ្លះ?
ប្រធានសហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ លោកវេជ្ជបណ្ឌិត Nam Han Cho បានឱ្យអ្នកសារព័ត៌មានដឹង នៅក្នុងអគារ មជ្ឈមណ្ឌលជំងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េ ក្នុងបរិវេណមន្ទីរពេទ្យព្រះកុសុមៈ ព្រឹកមិញថា ជំងឺនេះមានរោគសញ្ញាបីដែលត្រូវកត់សម្គាល់ គឺផឹកទឹកច្រើន នោមច្រើន និងឃ្លានអាហារញឹកញាប់ ហើយប្រហែលជា ១០% នៃអ្នកកើតជំងឺនេះ តែងមានបញ្ហាភ្នែក។
លោកបន្តថា អ្នកកើតជំងឺទឹកនោមផ្អែមភាគច្រើន មិនមានការឈឺចាប់ និងរោគសញ្ញាអ្វីនោះទេ៖ “ពីមុនគាត់ (អ្នកជំងឺ) អត់ដឹងថា គាត់កើតជំងឺទឹកនោមផ្អែមទេ ប៉ុន្តែទៅជួបគ្រូពេទ្យទៅ មានរោគសញ្ញាហ្នឹង ប្រហែលគាត់កើតរោគហ្នឹង ១០ ឆ្នាំទៅហើយ”។
តើជំងឺនេះកើតឡើងដោយសារអ្វី?
ចំពោះមូលហេតុដែលនាំឱ្យកើតជំងឺទឹកនោមផ្អែម គឺមកពីការទទួលទានបារី ស្រា អាហារមានញាតិខ្លាញ់ច្រើន តាមបែបលោកខាងលិច និងកង្វះការហាត់ប្រាណ។ លោកវេជ្ជបណ្ឌិត Nam Han Cho ឆ្លើយតប។
អ្នកណាខ្លះងាយនឹងប្រឈមជំងឺនេះ?
ចំពោះសំណួរមួយនេះវិញ លោកវេជ្ជបណ្ឌិតជនជាតិកូរ៉េ សញ្ជាតិខ្មែររូបនេះប្រាប់ថា បុរសស្ត្រីមានអាយុចាប់ពី ៤០ ឆ្នាំឡើង ងាយនឹងប្រឈមជំងឺនេះ ប៉ុន្តែបច្ចុប្បន្ន អ្នកងាយប្រឈម គឺមានអាយុចាប់ពី ៣០ ឆ្នាំឡើងទៅ។ បើនៅជប៉ុន កូរ៉េវិញ គឺចាប់ផ្ដើមពីអាយុ ២០ ឆ្នាំ។
តើជំងឺនេះអាចព្យាបាលជាសះស្បើយដែរឬទេ?
លោកបញ្ជាក់ថា ទឹកនោមផ្អែមជាជំងឺមួយប្រភេទ មិនអាចព្យាបាលជាសះស្បើយបានទេ គឺត្រូវការការព្យាបាលអស់មួយជីវិត។ យ៉ាងណាមិញលោកថា អ្នកកើតជំងឺនេះ អាចរស់នៅបានដូចមនុស្សធម្មតា ដោយគ្រាន់តែអនុវត្តវិធីសាមញ្ញដូចជា ជប់ពិសាបារី គ្រឿងស្រវឹង ញ៉ាំអាហារឱ្យបានត្រឹមត្រូវ ជួបជាមួយគ្រូពេទ្យជាប្រចាំ ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ជាពិសេសដើរឱ្យបាន ១ម៉ឺនជំហានក្នុងមួយថ្ងៃ។
វេជ្ជបណ្ឌិត ទូច ឃុន ប្រធានមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម (បន្ទាប់ស្ដាំ)
លោកបានឱ្យដឹងថា បច្ចុប្បន្នកម្ពុជា មានអ្នកជំងឺទឹកនោមផ្អែមប្រហែល ១.២ លាននាក់ អ្នកអត់ដឹងថាខ្លួនមានជំងឺនេះ មានប្រហែល ១.២ លាននាក់ និង ២លាននាក់ផ្សេងទៀត អាចប្រឈមមុខជំងឺនេះ ក្នុងពេលអនាគត។
សរុបជារួមមក ប្រជាជនកម្ពុជា ៥ លាននាក់ បានកើត និងអាចប្រឈមនាអនាគត ហើយដើម្បីព្យាបាលជំងឺនេះ មន្ទីរពេទ្យត្រូវការថវិកាជាតិប្រមាណ ២០% ពីរដ្ឋាភិបាល។
យ៉ាងណាក៏ដោយ លោកបានថ្លែងថា បើធៀបថៃ វៀតណាម ទៅនឹងកម្ពុជាវិញ គឺកម្ពុជាអត្រាអ្នកកើតជំងឺទឹកនោមផ្អែម ទាបជាង ២% ហើយមូលហេតុនោះ ដោយសារប្រទេសទាំងពីរនេះ មានរបៀបរស់នៅដូចលោកខាងលិចជាងកម្ពុជា។
តើត្រូវទប់ស្កាត់ជំងឺនេះយ៉ាងដូចម្ដេច?
វេជ្ជបណ្ឌិតជំនាញរូបនេះ បានលើកឡើងថា ដើម្បីទប់ស្កាត់កុំឱ្យកើតជំងឺនេះ ប្រជាជនខ្មែរគួរ បរិភោគអាហារតាមបែបខ្មែរ រស់នៅតាមបែបខ្មែរ ហាត់ប្រាណឱ្យបានច្រើន និងអប់រំក្មេងៗ ឱ្យកាត់បន្ថយអាហារលោកខាងលិច។ លោកថ្លែងថា៖ “គួររស់នៅ និងហូបចុកតាមបែបកម្ពុជា”។
បើប្រសាសន៍របស់លោក Nam Han Cho អ្នកកើតជំងឺទឹកនោមផ្អែមប្រហែល ៥ លាននាក់ បានស្លាប់ជារៀងរាល់ឆ្នាំលើពិភពលោក ពោលគឺ ៦ វិនាទីម្ដង មានមនុស្សម្នាក់ស្លាប់។ ចំណែកឯកម្ពុជា លោកមិនបានដឹងទិន្នន័យទេ ប៉ុន្តែលោកថា ជំងឺនេះនៅកម្ពុជាបច្ចុប្បន្ន កំពុងមានលក្ខណៈធ្ងន់ធ្ងរ ហើយបើមើលតាមកំណើនសេដ្ឋកិច្ច ក្នុង ៥ វិនាទីម្ដង មានអ្នកជំងឺម្នាក់ស្លាប់។
ចាប់តាំងពីឆ្នាំពី ២០០៥ មកដល់ពេលនេះ មន្ទីរពេទ្យព្រះកុសមៈ មានអ្នកជំងឺទឹកនោមផ្អែម មកព្យាបាលប្រហែលជិត ១ ម៉ឺននាក់ហើយ។ នេះបើតាមការឱ្យដឹងរបស់លោក វេជ្ជបណ្ឌិត ទូច ឃុន ប្រធានមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម នៃមន្ទីរពេទ្យព្រះកុសុមៈ៕
0 comments:
Post a Comment